អត្ថបទ៖ សំនៀង
ក្នុងសេចក្ដីជូនដំណឹង ស្តីពីវិធានការទប់ស្កាត់-កាត់បន្ថយការបំពុលខ្យល់សាធារណៈ និងវិធានការការពារ-ទប់ស្កាត់ភ្លើងឆេះព្រៃ ដែលចេញដោយរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅពេលថ្មីៗនេះ មន្ទីរបរិស្ថានខេត្តបានពិនិត្យឃើញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះដោយមូលហេតុការណ៍ដុតសំរាម សំណល់រឹងតាមផ្ទះ ការដុតគល់ជញ្ជ្រាំងស្រូវ ដុតស្មៅ ដុតព្រៃចាប់សត្វ រកឃ្មុំ -ល- ដែលបង្កជាបញ្ហាប៉ះពាល់ដល់គុណភាពខ្យល់ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ដូច្នេះដើម្បីថែរក្សាគុណភាពបរិស្ថាន និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់គ្នា សហការបញ្ឈប់ការដុតសំរាម សំណល់រឹងតាមគេហដ្ឋាន ឬតាមទីវាលសាធារណៈ និងសូមប្រមូលទុកដាក់សំណល់រឹងក្នុងធុងសំរាម និងប្រើប្រាស់សេវាប្រមូលសំរាម ក្នុងមូលដ្ឋានយកទៅកាន់ទីលានទុកដាក់សំរាម ឬកប់ទុកក្នុងរណ្ដៅឱ្យបានត្រឹមត្រូវ។ ជាពិសេសសូមបញ្ឈប់ការឈូសឆាយ កាប់ឆ្ការ ទន្ទ្រាន ដុតព្រៃឈើ ដុតស្ទាក់ចាប់សត្វ ការដុត ជញ្ជ្រាំងស្រូវ ចំបើង ដើមអំពៅ ស្មៅ និងសំណល់ឧស្សាហកម្មផ្សេងៗ សូមប្រជាសហគមន៍ ប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីចម្អិន អាហារ យកឃ្មុំ ជក់បារី និងការប្រមូលផល-អនុផលព្រៃឈើជាដើម។ សូមចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមគហដ្ឋាន តាមដងផ្លូវ និងតាមទីសាធារណៈ។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់សង្ឃឹមថា សាធារណជនទាំងអស់នឹងចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឱ្យគុណភាពខ្យល់កាន់តែប្រសើរ សម្រាប់ជាប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនទាំងអស់គា្ន ចាប់ពីសេចក្តីជូនដំណឹងនេះតទៅ។
យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងបរិស្ថានសម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថាកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៧ µg/m3 ធៀបនឹងស្តង់ដា ៥០ µg/m3 ហើយបើគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ក្រសួងក៏បានកំណត់គុណភាពខ្យល់តាមពណ៌មួយចំនួនផងដែរក្នុងនោះមាន៖ ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មាននៅខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ ពណ៌បៃតង គុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ ។ ពណ៌លឿងគុណភាពខ្យល់មធ្យមមាននៅខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ចំណែកពណ៌ក្រហមគឺគុណភាពខ្យល់មានការបំពុលខ្លះដែលកើតមាននៅខេត្តពោធិ៍សាត់៕
រូបភាព៖ ក្រសួងបរិស្ថាន
02-ឧសភា-2025 - ម៉ោង 11:10:AM
24-មេសា-2025 - ម៉ោង 11:30:AM
22-មេសា-2025 - ម៉ោង 11:10:AM
21-មេសា-2025 - ម៉ោង 02:53:PM