អត្ថបទ៖ សំនៀង
យោងតាមសេចក្តីប្រកាសព័ត៌របស់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះ គឺគម្រោងវិនិយោគដែលនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៤គម្រោងធំៗ ក្នុងនោះមានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម៨០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង។ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន១.០៥៣កន្លែង។
គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម២៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង ។ និងគម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រកែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់បង្អើរ ខេត្តកែប ក្នុងទុនវិនិយោគប្រមាណជាង២៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៧១កន្លែង។
ចំណែកគម្រោងវិនិយោគដែលសំខាន់មួយទៀតនេះគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមាន៤គម្រោងធំៗ ក្នុងនោះមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧៧៥កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៩៥៩កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៨៣កន្លែង។
បើយោងតាមប្រសាសន៍របស់ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥% នៅឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ ក្នុងនោះចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១ គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ ហើយមានលទ្ធភាពនឹងបង្កើតការងារជាង ៣៤ម៉ឺនកន្លែងជូនប្រជាជនកម្ពុជា។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៨៤,៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់៩,១២% នៃទុនវិនិយោគសរុប៕
4 ម៉ោងមុន
4 ម៉ោងមុន
ម្សិលមិញ ម៉ោង 03:32:PM
19-មិថុនា-2025 - ម៉ោង 05:52:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា