អត្ថបទ៖ កែវ រតនៈ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រោមអធីបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ហេង សួរ បានប្រាប់អ្នកសារព័ត៌មានថាដើមឡើយភាគីនិយោជកស្នើសុំឱ្យបន្ថយប្រាក់ឈ្នួលអប្បបរមាតែជាចុងក្រោយគឺភាគីនិយោជកបានសុំត្រឹមរក្សាប្រាក់ឈ្នួលអប្បបរមាដូចនៅឆ្នាំ២០២៥ ដោយឡែកសម្រាប់តំណាងភាគីកម្មករនិយោជិតបានស្នើសុំដំឡើង១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក ហើយភាគីទាំង២ក៏បានឯកភាពគ្នាស្វែងរកការប្រឈមរៀងៗខ្លួនដើម្បីរកចំណុចរួមឈានទៅដល់ជំនឿទុកចិត្ត និងទទួលយកបាននូវជំហរសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦។ ឯកឧត្តម ហេង សួរ បន្តថា លទ្ធផលចុងក្រោយនេះគឺជារបត់ថ្មីមួយដែលភាគីនិយោជក និងភាគីនិយោជិត បានធ្វើការជាមួយគ្នាដើម្បីធ្វើផែនការសកម្មភាពរួមគ្នា លើកនូវសំនូមពររួមមួយចំនួនដើម្បីជាប្រយោជន៍ទាំងកម្មករនិយោជិត និងនិយោជក។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៣លើក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ៕
04-កញ្ជា-2025 - ម៉ោង 03:49:PM
04-កញ្ជា-2025 - ម៉ោង 11:08:AM
03-កញ្ជា-2025 - ម៉ោង 04:56:PM
01-កញ្ជា-2025 - ម៉ោង 02:54:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា