សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងចំនួនបី បានព្រមព្រៀងគ្នា៤ចំណុចលើការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

07-ឧសភា-2024 - ម៉ោង 05:49:PM

អត្ថបទ៖ សំនៀង

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំត្រីភាគី អំពី «ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និង​​ធនធានទឹក»របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទបានចេញ បន្ទាប់ពីបើកកិច្ចប្រជុំកាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុង​​កិច្ចប្រជុំនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដើម្បីឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញនៃក្រសួងទាំង៣ បានយល់អំពីយុទ្ធសាស្ត្រនិងការងារ អាទិភាពរបស់ក្រសួងនីមួយៗ ហើយប្រមូលផ្តុំធនធាននិងបច្ចេកទេស សម្រាប់អនុវត្តការ​​ងារបម្រើប្រជាជនឱ្យបានលទ្ធផលកាន់តែប្រសើរ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ឌិត ទីណា មានសុ​​ទិដ្ឋិ​​​​និយមថា ក្រសួងទាំង៣ នឹងចាប់ផ្ដើមបង្កើនកិច្ចសហការរវាងគ្នាឱ្យកាន់តែរលូន ដើម្បីជួយលើកកម្ពស់​​ជីវ​​ភាពប្រជាជនឱ្យមានបាន ផ្ដល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។

ជាមួយគ្នានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មក៏ជាអាទិភាពមួយរបស់ក្រសួងផងដែរ ហើយក្រសួងធនធានទឹក និងឧតុនិយម នឹងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយបញ្ហាទឹកជូនដល់ប្រជាកសិករ តាម​រយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្ត្រដែលប្រឈមនឹងការខ្វះទឹក ឬរងគ្រោះដោយទឹកជំនន់​​ជាប់ជាប្រចាំ។

ដោយឡែក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគាំទ្រចំពោះការលើកឡើងរបស់​​សហប្រធានអង្គប្រជុំទាំង២រូប និងបានប្ដេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧។

សេចក្តីប្រកាសរួមបន្ថែមថា រដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំបានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤ រួមមាន៖ ១. កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់​កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។ ២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំ​​នាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះនូវភាពរាំងស្ទះទាំងឡាយដើម្បី​​ឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។ ៣.ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាង​​ណា​​ជួយ​​ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា។ ៤.ឯកភាពជាគោលការណ៍​​បង្កើតក្រុមការងារអន្តរក្រសួងដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំ ទៀងទាត់រៀងរាល់​​៣​​ខែ​​ម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC បានប្រាប់បៃតងប៉ុស្ត៍ថា ការចេញសេចក្ដីប្រកាសរបស់ក្រសួងទាំងបីនេះ គឺជាចំណុចគន្លឹះមួយដែលក្រសួងទាំងបីត្រូវធ្វើរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចុងក្រោយពោលគឺបញ្ហាកង្វះខាតទឹកសម្រាប់ធ្វើកសិកម្ម ការរៀបចំអភិវឌ្ឃជនបទ និងការរៀបចំលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ពីព្រោះថា ប្រសិនបើមិនមានការធ្វើការងាររួមគ្នាទាំងបីស្ថាប័នទេ បញ្ហានៅតែកើតមានជួនកាលអាចនឹងខ្វះទឹក ខ្វះទីផ្សារ ខ្វះផ្លូវសម្រាប់ដឹកជញ្ជូន ប៉ុន្តែប្រសិន​​បើក្រសួងទាំងបីរៀបចំរួមគ្នាក្នុងការដោះស្រាយនូវចំណុចគន្លឹះរបស់កសិករ លោកគិតថានេះជាការល្អប្រសើដែលអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សម្រាប់លោក ថេង សាវឿន ដើម្បីឲ្យមានដំណើរការកាន់តតែល្អប្រសើរ ក្រសួងទាំងបីគួតែផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន សង្គមស៊ីវិល សហគមន៍ជនបទដែលនៅតាមតំបន់គោលដៅ បានចូលរួមដាក់ចូលនូវយោបល់បន្ថែមលើដំណើរការយុទ្ធសាស្ត្រ និងបើកឲ្យមានដំណើរការកិច្ចប្រជុំប្រចាំខែ ត្រូវបានធ្វើបទបង្ហាញ និងត្រូវបានសិក្សាស្វែងយល់អំពីផលប៉ះពាល់ និងកង្វល់ផ្សេងៗរបស់កសិករ។

លោកបន្ថែមថា កន្លងមកដោយសារតែមិនបានសហការគ្នាឲ្យបានជាក់លាក់ក្នុងការឆ្លើយតបនូវបញ្ហា ឃើញ​​ថាអ្នកដែលរងគ្រោះឬរងផលប៉ះពាល់គឺជាកសិករ ប៉ុន្តែឥលូវនេះលោកសង្ឃឹមថាការធ្វើការដោយស្រុះដៃគ្នាដោយផ្តោតលើបញ្ហាចំពោះមុខតែមួយ ដែលពាក់ព័ន្ធទៅនឹងប្រយោជន៍ពលរដ្ឋ ទាំងការងារកសិកម្ម អភិវឌ្ឍជនបទ និងធនធានទឹកនេះ វាជាគន្លឹះមួយដែលជំរុញឲ្យការឆ្លើយតបទៅនឹងការ

ដោះស្រាយបញ្ហាទាន់ពេលវេលា កាត់បន្ថយភាពរងគ្រោះ ឬការខាតបង់ទៅនឹងការប្រឈមរបស់ប្រជាពលរដ្ឋ ហើយធ្វើឲ្យការដោះស្រាយបញ្ហាកសិកម្ម ការលើកកម្ពស់ជនបទ នឹងការងារធនធានទឹកនេះកាន់តែប្រសើរ អាចជួយលើកកម្ពស់នូវធនធាន និងសេដ្ឋកិច្ចរបស់ប្រទេសទៀតផង។

លោក ស៊ឹង សុខុម ជាប្រជាកសិកររស់នៅក្នុងភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យល់ឃើញថា ការប្រកាសរបស់ក្រសួងទាំង៣ គឺជាការល្អប្រសើរក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប៉ុន្តែបើនិយាយពីភាពអវិជ្ជមានវិញនោះ គឺនៅបណ្ដាប្រទេសលើពិភពលោកមិនដែលទាល់តែជួបបញ្ហារួចហើយបានស្រែកដាក់គ្នាទៅវិញទៅមកនោះទេ ដូចជារឿងស្រូវមិនបានថ្លៃត្រូវក្រសួងកសិកម្មជាអ្នកដោះស្រាយ ការខ្វះទឹក ខ្វះប្រឡាយគឺក្រសួងធនធានទឹកជាអ្នកដោះស្រាយ។​ បើទោះជាយ៉ាងណាក៏ដោយលោកថា បើសិនជាក្រសួងទាំងបីចាប់ផ្ដើមប្រឹងប្រែងពីពេលឥលូវនេះ វាជាការល្អ ហើយលោកនឹងរងចាំមើលថាតើការសន្យា និងការសហការរបស់ក្រសួងទាំងបីនេះមានប្រសិទ្ធភាពបែបណា៕

 

 

ព័ត៌មានទាក់ទង

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លទាំង ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ១០ថ្ងៃនៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តើមបើកវេទិកាការងារនៅតាមខេត្តដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនពលករដែលទើបត្រឡប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម