
ដោយ៖ កែវ រតនៈ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្មជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។ ឯកឧត្តម ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជនកាន់តែមានសមត្ថភាពខ្ពស់ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយឯកឧត្តមបន្តថា កម្ពុជាចង់ឃើញមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Toyota ជប៉ុនផងដែរ។ ការណ៍នេះ បង្ហាញថា ក្រសួងស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់ដែលអាចជួយបំពេញបន្ថែមទៅលើការណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាបាន។ ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀតជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និង ការបើកឱកាសដល់យុវជនកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងបង្ហាញពីការងារអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយឯកឧត្តមបានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ៕





រូបភាព៖ ក្រសួងការងារ
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះវិហារជាទីតាំងយោធា
នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
30-មិនា-2026 - ម៉ោង 11:52:AM
26-មិនា-2026 - ម៉ោង 02:49:PM
26-មិនា-2026 - ម៉ោង 02:05:PM
25-មិនា-2026 - ម៉ោង 01:30:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា