សារព័ត៌មានបៃតងប៉ុស្តិ៍

អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ

18-វិច្ឆិកា-2025 - ម៉ោង 10:05:AM

ដោយ៖ កែវ រតនៈ

 ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ១៧ ខែវិច្ឆិការ ឆ្នាំ២០២៥ បានឱ្យដឹងថា សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

សហភាព អង្គការ សហជីព សមាគម និងសហគមន៍ ទាំង២១៦ ចាត់ទុកអំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។ ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាងនេះទៅទៀត យើងខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព (Impunity) និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា និងក្រុមជនក្រីក្រចំណាកស្រុកដទៃទៀត។

ក្នុងសេចក្តីថ្លែងការណ៍ក៏បានអំពាវនាវដល់ សហគមន៍អន្តរជាតិរួមមាន អង្គការសហប្រជាជាតិ (UN) អាស៊ាន (ASEAN) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR), អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ត្រី (UN Women)និងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW ត្រូវតែមានវិធានការច្បាស់លាស់ និងបន្ទាន់ ដូចជា ធានាការបញ្ឈប់ អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រីទាំងអស់ជាបន្ទាន់ និងធានាឱ្យមាន យុត្តិធម៌ពេញលេញ សម្រាប់ជនរងគ្រោះ។ ស្នើសុំអង្គការជាតិ និងអន្តរជាតិ រួមមាន UN, ASEAN, AICHR, UN Women, CEDAW និង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ លើកងទ័ពឈុត ខ្មៅថៃ និង ចាប់ផ្តើមស៊ើបអង្កេតឯករាជ្យ ដើម្បីធានាការទទួលខុសត្រូវតាមផ្លូវច្បាប់ និងជំរុញ ឱ្យរាជរដ្ឋាភិបាលថៃអនុវត្តវិធានការឆ្លើយតបបន្ទាន់។កំណត់អំពើនេះជាឧក្រិដ្ឋកម្មសង្គ្រាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយក្រុមប្រឹក្សាសន្តិសុខ UN និង OHCHR ហើយចាប់ផ្តើម ដំណើរការ ស៊ើបអង្កេតអន្តរជាតិ ដើម្បីធានាការទទួលខុសត្រូវតាមផ្លូវច្បាប់។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងកងទ័ព ត្រូវទទួលស្គាល់ និង ទទួលខុសត្រូវពេញ លេញ លើអំពើឃោរឃៅនេះ ហើយបញ្ចប់វប្បធម៌និទណ្ឌភាព ដែលនាំឱ្យអំពើបំពានលើស្តីកើតឡើងជាបន្តបន្ទាប់។ ត្រូវចាត់វិធានការ ដាក់ទណ្ឌកម្មច្បាស់លាស់ លើម និងកងទ័ព ពាក់ព័ន្ធ និងធានាយុត្តិធម៌ដល់ជនរងគ្រោះ។ អាស៊ាន និងរាជរដ្ឋាភិបាលថៃ ត្រូវគោរពធម្មនុញ្ញអាស៊ាន និងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ ន (AHRD) ដោយធានាថាសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីត្រូវបានគោរពពេញលេញ។ អាស៊ានត្រូវ ប្រើប្រាស់យន្តការសន្តិសុខ និងសិទ្ធិមនុស្ស ដើម្បី តាមដាន ការពារ និងបញ្ឈប់ ករណីឧក្រិដ្ឋ កម្មបំពានលើស្រ្តី និងក្រុមជនក្រីក្រ។

ធានាថាជនរងគ្រោះទទួលបានជំនួយបន្ទាន់ សុវត្ថិភាព ការគាំទ្រផ្លូវច្បាប់ ការថែទាំសុខភាព និងសេវាកម្មសង្គមផ្សេងៗដោយរាជរដ្ឋាភិបាល ហើយមន្ត្រីពាក់ព័ន្ធ មិនត្រូវបង្កការគំរាមកំហែង ឬរារាំងដល់ការធ្វើដំណើរ​វិលត្រឡប់របស់ពលករចំណាកស្រុកកម្ពុជាឡើយ។ សហភាព អង្គការ សហជីព សមាគម និងសហគមន៍ទាំង​២១៦ អំពាវនាវដល់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ចាត់វិធានការយ៉ាងរហ័ស និង ច្បាស់​លាស់ ដើម្បីការពារសិទ្ធិស្ត្រី សិទ្ធិពលករ និងជនរងគ្រោះទាំងអស់។

ក្រៅពីសហភាព អង្គការ សហជីព សមាគម និងសហគមន៍ទាំង២១៦ ក្រសួងស្ថាប័នជាច្រើនទៀតបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់លើករណីអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃនេះ៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះ​វិហារជាទីតាំងយោធា នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា កម្ពុជាថា សកម្មភាពអរិភាពរបស់ថៃធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិ ភាពនៃ​ប្រ​ទេស​ទាំងពីរ គម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)បានបិទបញ្ចប់ដោយជោគជ័យ ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត រាជរដ្ឋាភិបាលមានផែនការរៀបចំលំនៅដ្ឋានបណ្តោះអាសន្នជូនជនភៀសសឹក
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម