សារព័ត៌មានបៃតងប៉ុស្តិ៍

FFC៖ ការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងគោលនយោបាយការពារធនធានធម្មជាតិនៅមានភាពទន់ខ្សោយ នៅក្នុងវិស័យធនាគារកម្ពុជា

03-មិនា-2026 - ម៉ោង 02:35:PM

 

 

សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា (Fair Finance Cambodia Coalition) ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ បានចែករំលែក លទ្ធផលនៃការវាយតម្លៃគោលនយោបាយធនាគារឆ្នាំ ២០២៣ ដែលបានវាយតម្លៃអំពី ការប្តេជ្ញាចិត្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ធនាគារឈានមុខគេចំនួន ប្រាំបីនៅក្នុងប្រទេស កម្ពុជា រួមមានធនាគារអេប៊ី អេ ធនាគារអេស៊ីលីដា ធនាគារកម្ពុជាសាធារណៈ ធនាគារស៊ីអាយអិមប៊ី ធនាគារ កាណាឌីយ៉ា ធនាគារចិន ធនាគារខេប៊ីប្រាសាក់ និងធនាគារស្ថាបនា។ ការវាយតម្លៃនេះធ្វើឡើងនៅចុងឆ្នាំ២០២៤ ដោយប្រើវិធីសាស្ត្រ Fair Finance Guide International (FFGI) បង្ហាញពីវឌ្ឍនភាព និងចំណុចខ្វះខាតដែលត្រូវ កែលំអរក្នុងការអនុវត្ត ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅទូទាំងវិស័យនេះ។

 

 

ការសិក្សានេះបានពិនិត្យមើលលើប្រធានបទសំខាន់ៗចំនួនប្រាំបីរួមមាន ការប្រែប្រួលអាកាសធាតុ អំពើពុករលួយ សិទ្ធិមនុស្ស សិទ្ធិការងារ ធនធានធម្មជាតិ ពន្ធដា តម្លាភាព និងការទទួលខុសត្រូវ និងសមភាព​ យេនឌ័រ។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា គោលនយោបាយពន្ធដារ និងការប្រឆាំងអំពើពុករលួយទទួលបានពិន្ទុខ្ពស់ បំផុត ខណៈដែលការប្តេជ្ញាចិត្តទាក់ទងនឹងការពារធនធានធម្មជាតិទទួលបានពិន្ទុទាបបំផុត ដែលនេះឆ្លុះបញ្ចាំងពី ភាពទន់ខ្សោយនៃការគ្រប់គ្រងបរិស្ថាន។ ធនាគារស៊ីអាយអិមប៊ី ជាធនាគារដែលមានលទ្ធផលល្អជាងគេ ដោយ មានពិន្ទុជាមធ្យម ២,៤ លើ ១០ ដែលជាគំរូស្តង់ដារសម្រាប់ការរាយការណ៍អំពីនិរន្តរភាព។ ទោះបីជាយ៉ាងណាក៏ ដោយ តម្លាភាព និងការទទួលខុសត្រូវ បានបង្ហាញពីភាពប្រសើរឡើងតិចតួចចាប់តាំងពីឆ្នាំ ២០២០ ប៉ុន្តែបានធ្លាក់ ចុះបន្តិចនៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលមិនពេញលេញ។

 

 

បើប្រៀបធៀបទៅនឹងការវាយតម្លៃពីមុនការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុរបស់ធនាគារដែលបានវាយតំលៃគឺមានភាពប្រសើរឡើងបន្តិច ដោយពិន្ទុកើនឡើងពី ០ ក្នុងឆ្នាំ ២០២០ ដល់ ០,៦ ក្នុងឆ្នាំ ២០២៣។ ទោះយ៉ាង ណាក៏ដោយ បញ្ហាសិទ្ធិមនុស្ស និងសមភាពយេនឌ័រ នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដោយមានពិន្ទុ ទាបនៅគ្រប់ធនាគារទាំងអស់។ ការអនុលោមតាមពន្ធដានៅទ្រឹង ខណៈដែលសិទ្ធិការងារបានឃើញការកែលម្អខ្លះ ៗ ប៉ុន្តែបានធ្លាក់ចុះវិញនៅឆ្នាំ ២០២៣ ដែលចង្អុលបង្ហាញពីបញ្ហាប្រឈមនៃការអនុវត្តច្បាប់ការងារនៅតាមកន្លែង ធ្វើការ។

 

បើទោះបីជាមានវឌ្ឍនភាពបន្តិចម្តងៗក៏ដោយ ការវាយតម្លៃនេះបង្ហាញពីបញ្ហាប្រឈមជាប្រព័ន្ធ រួមទាំងការបញ្ចេញ ព័ត៌មានជាសាធារណៈនៅមានកម្រិត ការអនុវត្តបទប្បញ្ញត្តិខ្សោយ និងការអនុវត្តស្តង់ដារ ESG ដែលមិនស៊ីសង្វាក់ គ្នា។ ខណៈពេលដែល ធនាគារស៊ីអាយអិមប៊ីបានក្លាយជាធានាគំរូ​មួយ​ ដើម្បីជំរុញអោយ ធនាគារភាគច្រើនទៀត ត្រូវតែពន្លឿនការអនុម័តការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរ ភាពរបស់ប្រទេសកម្ពុជា។

 

សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា (FFC) សង្កត់ធ្ងន់ថា ធនាគារ​ក្នុងប្រទេសកម្ពុជា​គួរតែ​ធ្វើ​សមាហរណកម្ម​ស្តង់ដារ ESG យ៉ាងពេញលេញ​ទៅក្នុង​ប្រតិបត្តិការ​របស់​ពួកគេ បង្កើន​តម្លាភាព​តាមរយៈ​ការបង្ហាញរបាយការណ៍​លម្អិត និង​អាចស្វែងរកបាន បង្កើត​យុទ្ធសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​អាកាសធាតុ និង​ពង្រីក​ផលិតផល​ហិរញ្ញប្បទាន​បៃតង ផ្លាស់ប្តូរ​សកម្មភាពការទទួលខុសត្រូវសង្គម (Corporate Social Responsibility-CSR) ជាប្រពៃណីតាម ​ទៅជា​កម្មវិធី ESG ដែលអាចវាស់វែងបាន ស្របតាម​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស និង​សមភាព​យេនឌ័រ​អន្តរជាតិ ពង្រឹង​ការអនុ លោម​តាម​ច្បាប់​ការងារ និង​បទប្បញ្ញត្តិ​ប្រឆាំង​ការលាងលុយកខ្វក់ និង​កែលម្អ​ការទទួលខុសត្រូវ​តាមរយៈផ្តល់ ឱកាសឱ្យមានការចូលរួម​ពី​ភាគីពាក់ព័ន្ធ និង​ការវាយតម្លៃ​ផលប៉ះពាល់​ជាប្រចាំ។

 

លោក សឿង សារឿន នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាសមាជិកនៃសម្ព័ន្ធភាព ហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា បានមានប្រសាសន៍ថា “​​​វិស័យធនាគាររបស់ប្រទេសកម្ពុជាមានវឌ្ឍនភាព ប៉ុន្តែកំពុងស្ថិត នៅលើផ្លូវបំបែកមួយ។ ខណៈពេលដែលការយល់ដឹងអំពីនិរន្តរភាពកំពុងកើនឡើង ផលប៉ះពាល់ដ៏មានអត្ថន័យ ទាមទារឱ្យមានការទទួលខុសត្រូវ តម្លាភាព និងការអនុលោមតាម​ ស្តង់ដារអន្តរជាតិ ESG។ ធនាគារនានា ត្រូវតែ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីធានាបាននូវការអភិវឌ្ឍប្រកប​ដោយបរិយាប័ន្ន និងចីរភាពសម្រាប់ប្រទេសកម្ពុជា” ។

 

តាមការបញ្ជាក់របស់តំណាងធនាគារស៊ីអាយអិមប៊ីប្រចាំប្រទេសកម្ពុជា “នៅធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេស កម្ពុជា យើងជឿជាក់ថា និរន្តរភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយភាពធន់រឹងមាំ ដែលលើកកម្ពស់ភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ។ យើងស្វាគមន៍ ចំពោះការវាយតម្លៃឯករាជ្យបែបនេះ ដែលជួយអភិវឌ្ឍស្តង់ដារ នៅទូទាំងវិស័យធនាគារ។ ស្របពេលដែលយើងទទួលបានការលើកទឹកចិត្ត ដោយត្រូវ បានទទួលស្គាល់ថាជា ធនាគារឈានមុខគេមួយ ក្នុងចំណោមស្ថាប័ន ដែលត្រូវបានវាយតម្លៃនេះ យើងយល់ស្រប ផងដែរថា មានមធ្យោបាយជាច្រើនទៀត ដែលយើងអាចរួមចំណែក ក្នុងការគាំទ្រដល់វិស័យអាទិភាព នៃការបន្ត អភិវឌ្ឍសង្គមជាតិរបស់ប្រទេសកម្ពុជា រួមមានការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ការលើកកម្ពស់ការគ្រប់គ្រងហានិភ័យ សង្គម និងបរិស្ថាន និងការគាំទ្រភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដោយប្រកាន់ខ្ជាប់នូវគោលបំណងរបស់ យើង នៃការលើកកម្ពស់ភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ យើងនៅតែរក្សាការប្តេជ្ញាចិត្ត ដោយធ្វើការ យ៉ាងជិតស្និទ្ធ ជាមួយនិយតករ អតិថិជន និងសហគមន៍ ដើម្បីចូលរួមចំណែក ដល់ភាពរីកចម្រើនជារួម ប្រកប ដោយនិរន្តរភាព ក្នុងប្រទេសកម្ពុជា”​។

 

សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា គឺជាសម្ព័ន្ធភាពនៃអង្គការសង្គមស៊ីវិល រួមមាន អង្គការអុកស្វាមប្រចាំកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការតម្លាភាពកម្ពុជា អង្គការអាក់សិនអេត អង្គការស៊ីលកា អង្គការស្តារកម្ពុជា និងអង្គការ Norwegian People’s Aid ដែលបបង្កើត ឡើងក្នុងឆ្នាំ ២០១៩។ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជាធ្វើការដើម្បីជំរុញវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព កាត់បន្ថ យផលប៉ះពាល់អវិជ្ជមាននៃការវិនិយោគឆ្លងដែន និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា គឺជាសមាជិកនៃ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌អាស៊ី ដែលជាបណ្តាញក្នុងតំបន់មួយដែល ប្រឹងប្រែងដើម្បីធានាថាស្ថាប័នហិរញ្ញវត្ថុរក្សាសុខុមាលភាពសង្គម និងបរិស្ថានក្នុងការសម្រេចចិត្តផ្តល់មូលនិធិ របស់ពួកគេ៕

 

ព័ត៌មានទាក់ទង

វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម