សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤

17-មករា-2025 - ម៉ោង 10:09:AM

អត្ថបទ៖​សហការ

 សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ចនៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អនៃកានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិត​​ផល​ធ្វើដំណើររបស់កម្ពុជាបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដាការងារសមរម្យ។

ការលើកឡើងបែបនេះបន្ទាប់ពី ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើធៀបនឹង​រយៈ​​​ពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការកើនឡើងនេះត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំ២០២៥នេះ ផង​ដែរ។

អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជានៅពេញមួយឆ្នាំ​នេះក៏ព្រោះតែមានកត្តាចូលរួមជាច្រើនទៀត ក្នុងនោះកត្តាខាងក្រៅមួយចំនួន ដូចជាភាពតានតឹងពាណិជ្ជ​កម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក និងបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស វាបានជួយជំរុញឱ្យបរទេសមានការបញ្ជាទិញពីប្រទេសកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាជាប្រទេសដែលកំពុងមានស្ថិរភាពនយោបាយ និងមានការអនុលោមតាមកម្រិតការងារខ្ពស់ផងដែរ។

លោកអគ្គលេខាធិការរងនៃសមាគម TAFTAC បានលើកឡើងបន្ថែមទៀតថា តាមរយៈលទ្ធផលផ្លែផ្កានៃការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនេះដែរ លោកសង្ឃឹមយ៉ាងមុតមាំថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងមានភាពរឹងមាំ និងបន្តដំណើរការយ៉ាងល្អប្រសើរ ដែលនឹងបន្តក្លាយជាកត្តាលីករជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកាន់តែល្អមួយកម្រិតទៀត។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ បញ្ហានៅប្រទេសបង់ក្លាដេស និងការងាកចេញពីវិស័យកាត់ដេររបស់ប្រទេសមួយចំនួននៅក្នុងតំបន់ បានធ្វើឱ្យការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើររបស់ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅពេញមួយឆ្នាំ២០២៤។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានគូសបញ្ជាក់បន្ថែមថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិត​​ផល​​ធ្វើដំណើរនៅប្រទេសកម្ពុជាមានភាពធន់ ហើយបន្តភាពរឹងមាំរបស់ខ្លួន ពីព្រោះបរិយាកាសនៃការវិនិ​យោគ និងបរិបទការងារនៅប្រទេសកម្ពុជាល្អប្រសើរ។ លើសពីនេះទៀត លោកបានពន្យល់ថា វិស័យមួយនេះបានចូលរួមចំណែកបង្កើតការងាររាប់លាននាក់នៅក្នុងស្រុក ក្នុងនោះក៏មានអ្នកទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយប្រយោលផងដែរ ដូចជាកំណើននៃការដឹកជញ្ជូន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ពាក់ព័ន្ធនឹងការប្រកួតប្រជែងនៅក្នុងតំបន់ លោកអគ្គលេខាធិការរងនៃសមាគម TAFTAC ធ្លាប់បានគូសបញ្ជាក់ផងដែរថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងឆ្នាំ២០២៥ ប្រសិនបើប្រៀបធៀបជាមួយ​ប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមារៀងខ្ពស់ជាងគេបន្តិច។ ទន្ទឹមនេះ ប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នាផងដែរ។ ទន្ទឹមនេះ តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ កម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣% លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម