សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅកម្ពុជា ទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល

10-មេសា-2025 - ម៉ោង 10:21:AM

អត្ថបទ៖ សហការ

វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator) និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់​​យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។

គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ថ្លែងក្នុងកម្មវិធីបិទវេទិកានាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏មានសារសំខាន់នេះ និងបញ្ចប់ទៅប្រកបដោយភាគជោគជ័យ ទទួលបានលទ្ធផលផ្លែផ្កា។ ការយល់ដឹង បទពិសោធន៍របស់គ្រប់ភាគីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវេទិកានេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីធ្វើជាធាតុចូលទៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះដែរ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការ​ងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។ គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតា​លីករ​សកលនេះ មិនមែនជាគំនិតផ្តួចផ្តើមថ្មីទេ ផ្ទុយទៅវិញ វាគឺជាវេទិកាកាតាលីករដែលត្រូវបានបង្កើតឡើងដើម្បី​ឱ្យរដ្ឋាភិបាល និយោជក អង្គការកម្មករ និងដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការងារ​សមរម្យ និងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករ​សកល គឺជាការឆ្លុះបញ្ចាំង និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលផ្តល់អាទិភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចស្របតាមស្តង់​ដារ​អន្តរជាតិ។

បន្ថែមពីនេះទៀត លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាអាទិភាពដ៏សំខាន់មួយ ដើម្បីចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារសង្គមនៅកម្ពុជា និងចូលរួមសម្រេចនូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាផងដែរ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញា ធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម