សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃសម្រួលដល់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

09-មេសា-2025 - ម៉ោង 11:44:AM

អត្ថបទ៖ យូ វាសនា

ក្នុងលិខិតរបស់ឯកឧត្តមសតិ បណ្ឌិត ស សុខា ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលនៃ គណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃបានឱ្យដឹងថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ នឹងប្រព្រឹត្តទៅរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរជាច្រើនដែលកំពុងស្នាក់នៅនិងធ្វើការ​នៅក្នុងប្រទេសថៃ តែងតែ ធ្វើដំណើរឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញសំដៅឆ្ពោះទៅកាន់ស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំជាមួយ ក្រុមគ្រួសារសាច់ញាតិ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអាច​ត្រឡប់ទៅប្រទេសថៃវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ស្ថានភាពនេះអាចនឹងបង្កឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ឬមានការរង់ចាំយូរក្នុងការបំពេញបែបបទនិងនីតិវិធី​សម្រាប់ការឆ្លងដែន។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើ​សេច​ក្តី​ជូន​ដំណឹងបញ្ជាក់អំពីការ សម្រេចរបស់រដ្ឋាភិបាលថៃពីការលើកលែងថ្លៃទិដ្ឋាការចេញចូល(Re-Entry Permit)​​ ដល់ពលករខ្មែរ ឡាវ និង មីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅនិងធ្វើការស្របច្បាប់ក្នុងប្រទេសថៃ អាចចេញចូលឆ្លងដែនបានចំនួនមួយដង ដោយពុំបង់កម្រៃសេវាពាក់ព័ន្ធ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូល ឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួងមហាផ្ទៃណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

– ត្រូវពិនិត្យ និងវាយតម្លៃនូវស្ថានភាពរួមនៃការចេញចូលឆ្លងដែនក្នុងអំឡុងពេលមុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចាត់វិធានការឱ្យបានសមស្របដើម្បី ធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមច្រកទ្វារព្រំដែននីមួយៗឱ្យបានល្អប្រសើរ

– ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ដោយអាចធ្វើការបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញ ចូលឆ្លងដែន ឬអាចពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាម ស្ថានភាពជាក់ស្តែង

– ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែនត្រៀមរៀបចំកងកម្លាំងមានសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍ និងជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណី ជាក់ស្ដែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើងជាយថាហេតុ

– ធ្វើការណែនាំ និងជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ចូនអ្នកដំណើរឱ្យនៅដដែលដោយពុំឱ្យមានការដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

– សហការ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃអំពីការលើកលែងថ្លទិដ្ឋាការចេញចូល (Re-Entry Permit) ជូនប្រជាពលរដ្ឋខ្មែរនៅពេលចេញចូលឆ្លងដែន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលើកលែងថ្លៃទិដ្ឋាការនេះជូនប្រជាពលរដ្ឋខ្មែរ

– ក្នុងករណីចាំបាច់ ឬផ្អែកតាមស្ថានភាពជាក់ស្ដែង អាចបង្កើតក្រុមការងារឬគណៈកម្មការ ចំពោះកិច្ច ដើម្បីគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ៕


 រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញា ធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម