សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា»

08-មេសា-2025 - ម៉ោង 09:16:AM

អត្ថបទ៖ សហការ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស តំណាងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តំណាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស តំណាងសមាគម និងតំណាង DPs/NGOs ផងដែរ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ 

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១ គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំង​ពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកប​ដោយប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី“ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥” កម្មករនិយោជិត តំណាងសហគ្រាស គ្រឹះស្ថាន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង ប្តេជ្ញា ធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងសុខាភិបាលបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព រាជរដ្ឋាភិបាលសម្រេចបន្ថែមរបបសន្តិសុខសង្គមដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម