អត្ថបទ៖ វិចិត្រ
សាលាដំបូងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែសីហា នេះ បានសម្រេចលើកពេលសវនាការសាកសួរពលរដ្ឋសហគមន៍ព្រៃឈើឧត្តមស្រែពស់ចំនួន៥រូប ពាក់ព័ន្ធបទចោទធ្វើឱ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈ។
លោក ឃន សារិទ្ធ ជាប្រជាសហគមន៍ម្នាក់ដែលរងការចោទប្រកាន់ពីមន្ត្រីយោធាកងពលតូច«ង៧០»បានថ្លែងប្រាប់បៃតងប៉ុស្តិ៍ថា វាគឺជារឿងអយុត្តិធម៌ចំពោះការចោទប្រកាន់លើរូបលោក ព្រោះថាលោកពុំបានប្រព្រឹត្តដូចទៅនឹងការចោទប្រកាន់របស់ក្រុមទាហាននោះឡើយ ហើយលោកស្នើឱ្យតុលាការទម្លាក់បទចោទទាំងអស់លើរូបលោក ក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀតដែរ។
លោក ឃន សារិទ្ធ ថ្លែងថា «ការចោទប្រកាន់នេះខ្ញុំគិតថាវាមិនត្រឹមត្រូវទេ ដោយសារការចោទរបស់គាត់គឺគាត់ថាពួកយើងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគាត់។ មានប្រជាពលរដ្ឋរុះរើមែន ប៉ុន្តែមិនមែនជាទ្រព្យសម្បត្តិរបស់គាត់ទេ គឺជារោងរបស់សហគមន៍នៅលើដីសហគន៍ទេ។ ការចោទប្រកាន់ វាមិនត្រឹមត្រូវដូចអ្វីដែលគាត់[យោធា]ចោទទេ ការចោទនេះវាសម្រាប់ខ្ញុំគឺអយុត្តិធម៌ខ្លាំងណាស់។ ពួកខ្ញុំគ្រាន់តែជាអ្នកការពារដីរដ្ឋ ដីសហគមន៍ទេ»។
ចំណែកសមាជិកសហគមន៍ម្នាក់ទៀតដែលត្រូវបានចោទប្រកាន់ដែរនោះ គឺលោក ឡោក សុខលី បានស្នើឱ្យតុលាការទម្លាក់បទចោទទាំងអស់លើរូបលោក និងផ្តល់យុត្តិធម៌ដល់សមាជិកសហគមន៍របស់លោកទាំងអស់ ព្រោះលោកមិនបានប្រព្រត្តដូចការចោទប្រកាន់ពីមន្ត្រីយោធាកងពលតូច«ង៧០»នោះឡើយ។
លោក ឡោក សុខលី ថ្លែងថា«ការចោទប្រកាន់អយុត្តិធម៌សម្រាប់ខ្ញុំ ព្រោះខ្ញុំអត់បានប្រព្រឹត្ត អត់បានជេរប្រមាថ និងបំផ្លិចបំផ្លាញរបស់ទ្រព្យអ្នកដទៃទេ។ សម្រាប់ខ្ញុំ ខ្ញុំសូមស្នើទៅតុលាការឱ្យទម្លាក់ការចោទប្រកាន់ និងឱ្យមានយុត្តិធម៌សម្រាប់សហគមន៍»។
ប្រជាសហគមន៍ទាំងនោះរងបទចោទពីមន្ត្រីយោធាកងពលតូច«ង៧០»ថា បានធ្វើឱ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈ ដែលបានប្រព្រឹត្តនៅក្នុងចំណុចភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានចែងតាមបញ្ញត្តិមាត្រា ៤១០ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ៕
04-កញ្ជា-2025 - ម៉ោង 04:14:PM
03-កញ្ជា-2025 - ម៉ោង 03:58:PM
03-កញ្ជា-2025 - ម៉ោង 11:23:AM
02-កញ្ជា-2025 - ម៉ោង 04:14:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា