អត្ថបទ៖ វិចិត្រ
ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសអាចនឹងត្រូវបានបញ្ចប់នៅក្នុងធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យដែលបានចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងថា ពេលនេះទំនាស់ដីធ្លីដោះស្រាយបានជាបន្តបន្ទាប់ ហើយនៅសល់ប្រហែលជា២០០ករណីប៉ុណ្ណោះ ក្នុងចំណោមទំនាស់ដីធ្លីដែលមានជាង២ម៉ឺនករណីនៅទូទាំងប្រទេសកន្លងមក ហើយឯកឧត្តមក៏រំពឹងថាទំនាស់ដីធ្លីអាចនឹងដោះស្រាយបញ្ចប់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២៥។
ឯកឧត្តមឧបនាយកដ្ឋនមន្ត្រី សាយ សំអាល អះអាងថា«អ៊ីចឹងចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋ ចុះបញ្ជីដីជូនវត្ត ជូនសាលា ជូនទាំងក្រសួងបរិស្ថាន ដីតំបន់ការពាររបស់ក្រសួងបរិស្ថាន ជូនដីកសិកម្មរបស់ក្រសួងកសិកម្ម ដីបឹងរបស់ក្រសួងធនធានទឹកអីនេះ យើងនឹងបញ្ចប់ ខ្ញុំគិតថាខែ១២នេះនឹងចប់ភាគច្រើន ក៏ប៉ុន្តែខ្ញុំនឹងសូមពេលថែមទៀត ដើម្បីសំអាត កែតម្រូវ»។
ឯកឧត្តមបន្ថែមថា ចំពោះអ្នដែលចុះបញ្ជីមិនទាន់ដំណាក់កាលជាប្រព័ន្ធនេះ ក៏អាចស្នើសុំចុះបញ្ជីដីរបស់ខ្លួននៅពេលក្រោយបានដែរ។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតរហូតមកទល់ពេលនេះមានខេត្តចំនួន៩ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ តាកែវ មណ្ឌលគិរី កែប ព្រះសីហនុ និងខេត្តកណ្ដាល។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមខេត្តទាំង៩ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានខេត្តចំនួន៤ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់ គឺមានខេត្តកំពង់ចាម ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ៕
25-មិថុនា-2025 - ម៉ោង 05:46:PM
24-មិថុនា-2025 - ម៉ោង 04:18:PM
24-មិថុនា-2025 - ម៉ោង 01:53:PM
23-មិថុនា-2025 - ម៉ោង 02:06:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា