សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជារងឥទ្ធិពលប្រយោលពីព្យុះ ហ៊ីហ្គោស និងមេខឡា ខណៈភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់​អាច​កើតមាននៅតំបន់មួយចំនួន

24-មិថុនា-2026 - ម៉ោង 11:08:AM

 

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិក​ខាង​លិច បានវិវត្តទៅជាព្យុះទី៨ ឈ្មោះ ហ៊ីហ្គោស (Higos) T2608 ខណៈព្យុះទី៧ ឈ្មោះ មេខឡា (Mekkhala) T2607 បានបង្កើនឥទ្ធិពលទៅជាព្យុះសង្ឃរា ដែលជះឥទ្ធិពលដល់​របប​ខ្យល់​មូសុងនិរតីនៅក្នុងតំបន់។

 

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ព្យុះទាំងពីរនេះកំពុងមានឥទ្ធិពល​លើ​ឈូង​សមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រ​កម្ពុ​ជា និងតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លង​ផ្លូវ​ដើរ​ផ្ទាល់របស់ព្យុះទាំងពីរនេះឡើយ។

 

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថានភាពអាកាស​ធាតុ​នៅកម្ពុជា នឹងបន្តទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់រាយ​ប៉ាយ អមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន។

 

នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាជាមធ្យមស្ថិតនៅ ២៦អង្សាសេ និងអតិបរមា ៣៦​អង្សា​សេ ខណៈខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ក្នុងល្បឿនប្រមាណ ៣ម៉ែត្រក្នុង​មួយ​វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ២០ភាគរយនៃផ្ទៃដី។

 

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាជាមធ្យម ២៤អង្សាសេ និងអតិបរមា ៣៥​អង្សា​សេ​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំង​តំបន់​ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ប្រមាណ ២៥ភាគរយនៃផ្ទៃដី។

 

ដោយឡែក តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរ​ភ្នំបូក​គោ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ជាងគេ ដោយគ្របដណ្តប់ប្រមាណ ៣៥ភាគរយនៃ​ផ្ទៃដី​។ តំបន់នេះនឹងមានសីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣៥អង្សាសេ និងខ្យល់បក់ក្នុងល្បឿន​មធ្យ​ម ២ម៉ែត្រក្នុងមួយវិនាទី។

 

ជាមួយគ្នានេះ កម្ពស់រលកសមុទ្រត្រូវបានព្យាករថា នឹងស្ថិតនៅចន្លោះពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ៕

 

ព័ត៌មានទាក់ទង

អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះនិងខ្យល់ក​ន្ត្រាក់ ខណៈព្យុះទី១០ “ម៉ៃស័ក” មានឥទ្ធិពលប្រយោលលើកម្ពុជា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះបាវី ប៉ុន្តែរងឥទ្ធិពលប្រយោលដែលអាចបង្កឱ្យមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម