សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មាន​ឯក​សារសរុបជាង ១៦តោន

02-កក្តដា-2026 - ម៉ោង 11:03:AM

 

ដោយ៖ វិចិត្រ

មន្ត្រី ក.ប.ប ក្នុងខេត្តជាប់ព្រំដែនភាគកើតចំនួន ក្នុងនោះរួមមាន ខេត្តតាកែវ និងខេត្តកណ្តាល កាលពីពេលថ្មីៗនេះ បានអនុវត្តដកហូត និងដុតកម្ទេចចោលទំនិញខូចគុណភាព និងគ្មាន​ឯក​សារ សរុបជាង ១៦តោន ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់។

 

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  បានឱ្យដឹង​ថា មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមិថុនា  បានចូលរួមសហការជា​មួយ​ការិ​យា​ល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមន្ត្រី​ពាក់​ព័ន្ធ ដើម្បីត្រួតពិនិត្យ និងធ្វើតេស្តបឋមលើទំនិញប្រហិតហតដកចំនួន ១៤បាវ ស្មើនឹង ៤៣៤​គីឡូក្រាម និងប្រហិតសាច់ក្តាមចំនួន ៥កេស ស្មើនឹង ៥០គីឡូក្រាម ដែលត្រូវបាន​ឃាត់​ទុក​។

 

បើតាម ក.ប.ប ក្នុងកិច្ចប្រតិបត្តិការនោះ មន្ត្រីជំនាញបានរកឃើញថា ទំនិញទាំងនេះត្រូវបាន​ដឹក​​ជញ្ជូនមិនស្របតាមលក្ខណៈបច្ចេកទេស ខ្វះអនាម័យ បណ្តាលឱ្យខូចគុណភាព និង​មិន​មា​ន​ឯកសារបញ្ជាក់ត្រឹមត្រូវ។ ដោយមានការឯកភាពពីសមត្ថកិច្ចចម្រុះ ទំនិញសរុបចំនួន ៤៨៤គីឡូក្រាម ត្រូវបានដកហូត និងដុតកម្ទេចចោលតាមនីតិវិធីជាធរមាន។

 

ដោយឡែក នៅខេត្តកណ្តាល មន្ត្រីសាខា ក.ប.ប. បានសហការជាមួយការិយាល័យ​ប្រឆាំង​បទ​ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ក្រោម​ការ​សម្រប​​សម្រួលនីតិវិធី និងការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីដុត​កម្ទេច​ចោ​ល​​ទំនិញជាសាច់បង្កក និងផលិតផលប្រហិតខូចគុណភាព សរុបចំនួន ១៦,២៤០​គីឡូ​ក្រាម ដែលត្រូវបានរកឃើញ និងដកហូតពីឃ្លាំងស្តុក និងទីតាំងចែកចាយមួយចំនួនក្នុង​ខេត្ត​កណ្តាលនាពេលកន្លងមក។  ការដុតកម្ទេចត្រូវបានអនុវត្តនៅទីលានសម្រាមខណ្ឌដង្កោ ស្របតាមនីតិវិធីច្បាប់។ នេះបើតាមការឱ្យដឹងបន្ថែមពី អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

 

ក្នុងនោះអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជំហរថា ខ្លួននឹងបន្ត​ពង្រឹ​ង​ការអនុវត្តច្បាប់ និងវិធានការត្រួតពិនិត្យទំនិញនៅលើទីផ្សារ ដើម្បីការពារសិទ្ធិ និងផល​ប្រយោ​ជ​ន៍អ្នកប្រើប្រាស់ ព្រមទាំងធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាព និងសុចរិត។

 

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ឱ្យបន្តចូលរួមសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើដែលប៉ះពាល់ដល់សិទ្ធិ និង​ផលប្រយោ​ជ​ន៍​អ្នកប្រើប្រាស់ ឬសុវត្ថិភាពម្ហូបអាហារ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបានទាន់​ពេលវេលា៕

ព័ត៌មានទាក់ទង

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម