សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងាប្តេជ្ញារក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់គ្រឹះស្ថាន TVET ក្លាយជាកន្លែងផ្ដល់ជំនាញត្រឹមត្រូវតាមទីផ្សារការងារ

17-មិថុនា-2026 - ម៉ោង 10:01:AM

ដោយ៖ កែវ​ រតនៈ

ក្នុងពិធីបិទជាផ្លូវការនូវ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសត្រូវការបំផុត ខណៈក្រសួងកំពុងជំរុញវឌ្ឍនភាពថ្មីៗធ្វើយ៉ាងណាឱ្យវិស័យ TVET ក្លាយជាថ្នាលបណ្ដុះបណ្ដាល ឬជាកន្លែងបង្រៀនឱ្យចេះស្ទូចត្រី និងស្គាល់បឹងពិតប្រាកដ។

ដើម្បីឆ្លើយតបទៅនឹងការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដោតលើគុណភាពជាចម្បង និងចៀសវាងករណីរៀនលេងៗ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយក្នុងនោះ សម្រាប់គ្រឹះស្ថាន TVET ត្រូវបន្តធ្វើបដិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាល ព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។


ទន្ទឹមនឹងនេះ សម្រាប់អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «គន្លងវិជ្ជាជីវៈ» ឱ្យទទួលបានជោគជ័យ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ ព្រមទាំងបន្តចងក្រងសន្និធិជំនាញកម្ពុជា និងជំរុញការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យសម្រេចបានគ្រប់ចំនួន ១,៥ លាននាក់ ដោយផ្អែកលើគុណភាពជាចម្បង។ ដោយឡែកសម្រាប់វិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយបង្កើនការផ្ដល់ឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់ផលិតកម្មជាក់ស្ដែង៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម