
ឧត្តរមានជ័យ, ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ — រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយអង្គការអុកស្វាម កំពុងបន្តផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់ប្រជាពលរដ្ឋជនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តផ្សេងទៀត ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ ដើម្បីជួយសម្រាលការលំបាក និងបំពេញតម្រូវការបន្ទាន់របស់គ្រួសារងាយរងគ្រោះ។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ការចែកជំនួយជាសាច់ប្រាក់បានចាប់ផ្តើមសម្រាប់គ្រួសារជនភៀសខ្លួនចំនួន ៣,០៥០ គ្រួសារ នៅតាមបណ្ដាជំរុំក្នុងខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ជំនួយនេះ មានគោលបំណងជួយគ្រួសារជនភៀសសឹកឱ្យអាចបំពេញតម្រូវការបន្ទាន់ដូចជា ស្បៀងអាហារ ទីជម្រក និងសម្ភារៈចាំបាច់ ក្នុងអំឡុងពេលប្រឈមវិបត្តិមនុស្សធម៌។
ជាពិសេស ការចែកជំនួយជាសាច់ប្រាក់នៅជំរុំចុងកាល់ថ្មី ក្នុងខេត្តឧត្តរមានជ័យ បានទៅដល់គ្រួសារជនភៀសសឹកចំនួន ១,៥១៩ គ្រួសារ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយិកាអង្គការអុកស្វាម អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងដៃគូអនុវត្តក្នុងស្រុក។ វត្តមាននេះ បានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលអូស្ត្រាលី អង្គការអុកស្វាម និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងតម្រូវការមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម មានសារៈសំខាន់ខ្លាំងក្នុងការសម្រាលបន្ទុកជីវភាពរបស់គ្រួសារជនភៀសសឹកនៅក្នុងខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ មានតួនាទីសំខាន់ក្នុងការឆ្លើយតបបញ្ហាមនុស្សធម៌ និងបានស្នើសុំឲ្យមានការជម្រុញឱ្យបទឈប់បាញ់អាចចូលជាធរមានជាអចិន្ត្រៃយ៍ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អូស្ត្រាលី ជាដៃគូរយៈពេលវែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការជម្លៀសប្រជាពលរដ្ឋដោយសារជម្លោះ គឺជាបញ្ហាធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយបន្ទាន់លើផ្នែកទឹកស្អាត អាហារ ទីជម្រក អនាម័យ និងជំនួយហិរញ្ញវត្ថុ ដើម្បីជួយឱ្យគ្រួសារជនភៀសសឹកអាចបំពេញតម្រូវការចាំបាច់។ ឯកឧត្តមបានបន្ថែមថា អូស្ត្រាលីសង្ឃឹមឃើញសន្តិភាពដែលមានភាពយុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា ការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី អនុញ្ញាតឱ្យអង្គការអុកស្វាមអាចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ខណៈពេលដែលកំពុងធ្វើការជាមួយសហគមន៍ និងដៃគូ ដើម្បីរៀបចំដំណោះស្រាយរយៈពេលវែង។ លោកស្រីបានបញ្ជាក់ថា នេះជាអន្តរាគមន៍មនុស្សធម៌លើកទី៦ របស់អង្គការអុកស្វាម ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មក ហើយការលំបាករបស់គ្រួសារជនភៀសសឹក នៅតែមានទំហំធំ ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្តបន្ទាប់។
ការចែកជំនួយនៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ជាផ្នែកមួយនៃកញ្ចប់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី ចំនួន ២៥០,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនភៀសសឹកដោយសារជម្លោះនៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការអុកស្វាម។ ជាមួយនឹងថវិកានេះ អង្គការអុកស្វាម នឹងផ្តល់ជំនួយលើផ្នែកទឹកស្អាត និងអនាម័យ អាហារ និងទីជម្រកសង្គ្រោះបន្ទាន់។
កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រជំនួយមនុស្សធម៌នៅកម្ពុជា និងបង្ហាញពីតួនាទីសំខាន់របស់អង្គការអុកស្វាម ក្នុងការសម្របសម្រួល និងអនុវត្តជំនួយមនុស្សធម៌ជាមួយដៃគូក្នុងស្រុក ដើម្បីលើកកម្ពស់ភាពធន់ ការស្តារឡើងវិញ និងការអភិវឌ្ឍរយៈពេលវែងសម្រាប់សហគមន៍ងាយរងគ្រោះ។




មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែប និងសមាជិកគ្រួសារជាង ៣ពាន់នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម
អង្គការបន្ទាយស្រីប្រារព្ធកម្មវិធីអបអរទិវាអន្តរជាតិនារី៨មីនាខួបទី១១៥ក្នុងខេត្តស្ទឹងត្រែង
អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់
ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត
ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ
ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ
05-មិនា-2026 - ម៉ោង 07:37:PM
02-មិនា-2026 - ម៉ោង 03:07:PM
02-មិនា-2026 - ម៉ោង 10:54:AM
24-គុម្ភះ-2026 - ម៉ោង 03:41:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា