អត្ថបទ៖ វិចិត្រ
តាមរយៈបទអន្តរាគមន៍ នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវក្តីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ លោកជំទាវលើកឡើងបន្ថែមថា ការសាងសង់នេះក៏បានធ្វើឱ្យប៉ះពាល់ផងដែរដល់ សុរិតភាព (Integrity) និងយថាភាព (Authenticity) និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។
ក្នុងនោះដែរលោកជំទាវមានប្រសាសន៍ថា កន្លងមកកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃអំពីការចម្លងតាមគំរូនេះ ប៉ុន្តែខាងភាគីថៃនៅតែបន្តសាងសង់ ដែលករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។
លោកជំទាវ ភឿង សកុណា បានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ឱ្យពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។
ជាមួយគ្នានេះលោកជំទាវ ក៏បានអរគុណចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា សំណង់ប្រាសាទដែលថៃកំពុងសាងសង់នោះ ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា ក្នុងភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ៕
07-កក្តដា-2025 - ម៉ោង 01:17:PM
07-កក្តដា-2025 - ម៉ោង 10:20:AM
09-ឧសភា-2025 - ម៉ោង 02:28:PM
10-មេសា-2025 - ម៉ោង 11:40:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា