សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាតវ៉ាជំទាស់ ចំពោះសកម្មភាព របស់យោធាថៃ ដែលរំលោភអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា

20-មិថុនា-2026 - ម៉ោង 12:40:PM

ភ្នំពេញ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានចេញ សេចក្តីប្រកាស ព័ត៌មានមួយ ដោយ សម្តែងការតវ៉ាជំទាស់ យ៉ាងខ្លាំង ចំពោះសកម្មភាព ជាបន្តបន្ទាប់របស់ កងកម្លាំង ប្រដាប់អាវុធថៃ ដែលកម្ពុជា ចាត់ទុកថា ជាការរំលោភ លើអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ខ្លួន ។ ការតវ៉ានេះកើតឡើង ស្របពេល ដែលភាពតានតឹង នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ នៅតែបន្តទាក់ទាញ ការយកចិត្តទុកដាក់ ពីសាធារណជន និង សហគមន៍អន្តរជាតិ ។

 

យោងតាម សេចក្តីប្រកាស របស់ក្រសួងការបរទេស កម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានលើក និង បង្ហូតទង់ជាតិថៃ នៅក្នុងតំបន់ ដែលកម្ពុជាអះអាងថា ស្ថិតនៅក្នុងដែន អធិបតេយ្យរបស់ខ្លួន ត្រង់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភាគីកម្ពុជា ចាត់ទុក សកម្មភាពនេះថា ជាទង្វើឯកតោភាគី ដែលអាចបង្ក ឱ្យមានការ យល់ច្រឡំ អំពីស្ថានភាពព្រំដែន និង ប៉ះពាល់ដល់ ទំនាក់ទំនងល្អ រវាងប្រទេសជិតខាង ។

 

នៅថ្ងៃដដែល នោះដែរ កម្ពុជាក៏បានលើកឡើង ពីករណីឃ្លាំងមួយនៅ ក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលត្រូវ បានរាយការណ៍ថា ត្រូវបានដុតបំផ្លាញដោយចេតនា ។ ភាគីកម្ពុជាអះអាងថា ទីតាំងនេះស្ថិតនៅលើទឹកដីកម្ពុជា និង កំពុងស្ថិតក្រោម ការកាន់កាប់ ដោយកងកម្លាំង ប្រដាប់អាវុធថៃ ដោយខុសច្បាប់ ។ កន្លងមក កម្ពុជា ក៏ធ្លាប់បានធ្វើការតវ៉ា ចំពោះសកម្មភាពរបស់កងកម្លាំងថៃ នៅតំបន់អូរស្មាច់ និង តំបន់ព្រំដែនមួយចំនួនផ្សេងទៀត ផងដែរ។ ជាមួយគ្នានេះ កម្ពុជាបានអះអាងថា កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ របងបេតុងនៅ តំបន់ប្រាសាទតាក្របី ស្ថិតក្នុង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ភាគីកម្ពុជាចាត់ទុកថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬសំណង់អចិន្ត្រៃយ៍នៅ ក្នុងតំបន់ដែលមានវិវាទ ឬតំបន់ដែល កម្ពុជាអះអាងថាស្ថិត ក្នុងដែនអធិបតេយ្យ របស់ខ្លួន គឺជាទង្វើដែលមិនស្របទៅ នឹងស្មារតី នៃការរក្សាស្ថិរភាព និងការកាត់បន្ថយភាពតានតឹង នៅតាមព្រំដែន ។ កន្លងមក កម្ពុជាក៏បានធ្វើការតវ៉ា ចំពោះការសាងសង់ សំណង់ផ្សេងៗ ដូចជារូបសំណាក បង្គោលទង់ជាតិ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៅ តាមតំបន់ព្រំដែនផងដែរ។

 

ក្នុងសេចក្តីប្រកាសនោះ ក្រសួងការបរទេស កម្ពុជា បានបញ្ជាក់ថា សកម្មភាពទាំងអស់ខាងលើ គឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យភាព និង បូរណភាពទឹកដី របស់កម្ពុជា ដូចដែលបានកំណត់មដោយផែនទីខ្នាត មួយលើពីរយពាន់ ដែលរៀបចំឡើង ដោយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលជាមូលដ្ឋាន គតិយុត្តិ សម្រាប់ ការកំណត់ព្រំដែន រវាងប្រទេសទាំងពីរ ។ កម្ពុជា ក៏បាន បដិសេធ ការបកស្រាយណាមួយ ដែលអាចចាត់ទុកថា សកម្មភាពទាំងនេះ ស្របទៅនឹងចំណុចទី១ ស្តីពី វិធានការកាត់ បន្ថយភាពតានតឹង នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ តាមការលើកឡើង របស់ កម្ពុជា សកម្មភាពទាំងនេះ ផ្ទុយទៅនឹងខ្លឹមសារ និងស្មារតី នៃអនុស្សរណៈយោគយល់ គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរ បានឯកភាព ប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ខ្លួនមិនទទួលស្គាល់ ការបង្កើតស្ថានភាពថ្មី ណាមួយនៅលើដី តាមរយៈ ការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគី នោះឡើយ ហើយសកម្មភាព បែបនេះមិនអាចបង្កឱ្យមាន ការផ្លាស់ប្តូរព្រំដែនអន្តរជាតិ ឬប៉ះពាល់ដល់ សិទ្ធិអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា បានទេ ។

 

កម្ពុជាបានអះអាងថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវ គោលការណ៍ដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ។ សេចក្តីប្រកាសព័ត៌មាននេះ ស្ថិតក្នុងបរិបទ ដែលកម្ពុជា និងថៃ បានបន្តមានការយល់ឃើញ គំនិតផ្សេងគ្នា លើបញ្ហាព្រំដែន មួយចំនួន បើទោះបីជាប្រទេសទាំងពីរ បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការរក្សាសន្តិភាព និង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា និង យន្តការការទូតក៏ដោយ ។

 

កាលពីខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានជួប ពិភាក្សាគ្នា និងបង្ហាញការប្តេជ្ញាចិត្ត ក្នុងការកសាងទំនុកចិត្ត និងជៀសវាង ការកើនឡើង នៃភាពតានតឹងនៅ តាមបណ្តោយព្រំដែន ។

ព័ត៌មានទាក់ទង

កម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ានពិភាក្សាស្ថានភាពព្រំដែនជាមួយថៃ កម្ពុជាអំពាវនាវឱ្យអាស៊ានបង្កើនសម្ពាធលើថៃ ដើម្បីគោរពច្បាប់អន្តរជាតិ និងបញ្ឈប់ភាពតានតឹងតាមព្រំដែន កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្ម​ការ​ផ្សះ​ផ្សា​វិវាទដែនសមុទ្រ ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនផ្លាស់ទីលំនៅនៅខេត្តព្រះវិហារ គ្រាដែលកម្ពុជាអំពាវនាវឱ្យពន្លឿនការវាស់វែងព្រំដែន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ផ្តល់យោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម